គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

វត្តមានសហគ្រាសប៉េប៉េអឹមក្នុងសន្និសីទទន្តសាស្រ្តលើកទី១ឆ្នាំ២០២៥ រៀបចំឡើងដោយ សមាគម TYDA

កាលបរិច្ឆេទ: ០៨ សីហា ២០២៥ / សុខភាព / Author : admin

កាលពីថ្ងៃទី១៩​ និងទី២០ កក្កដា កន្លងទៅនេះ នៅទីក្រុងភ្នំពេញ សន្និសីទទន្តសាស្រ្តត្រូវបានរៀបចំឡើងដោយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ហើយសហគ្រាសផលិតឱសថប៉េប៉េអឹមក៏មានវត្តមាននៅក្នុងឱកាសនោះដែរ។ ក្រោមប្រធានបទ «ការអនុវត្តទន្តសាស្រ្តឈានមុខ» សន្និសីទនេះមានអ្នកចូលរួមប្រមាណជិតមួយពាន់នាក់ ទាំងអ្នកចូលរួមផ្ទាល់ និងអ្នកចូលរួមតាមអនឡាញ។ ក្នុងចំណោមឥស្សរជនជាន់ខ្ពស់ក៏មានវត្តដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម TYDA រួមជាមួយនឹងថ្នាក់ដឹកនាំមកពីស្ថាប័ននានា សាស្រ្តាចារ្យ ពេទ្យធ្មេញ អ្នកជំនាញមកពីវិស័យឯកជន និងនិស្សិតផ្នែកវេជ្ជសាស្រ្ត។

ក្នុងឱកាសនោះដែរ សហគ្រាសផលិតឱសថប៉េប៉េអឹមមានស្តង់តាំងលក់ផលិតផលល្បីៗរបស់ខ្លួនមានដូចជា ថ្នាំខ្ពុលមាត់ Septyl ថ្នាំបំបាត់ការឈឺចាប់ Kinal Ibu Fort ថ្នាំផ្សះ Spagyl និងថ្នាំបំបាត់ការឈឺចាប់ Coldalgin ជាមួយនឹងតម្លៃពិសេសសម្រាប់អតិថិជនពិសេស។ ការផ្តល់តម្លៃពិសេសនេះធ្វើឡើងដើម្បីទាក់ទាញចំណាប់អារម្មណ៍អ្នកជំនាញផ្នែកទន្តសាស្រ្តមកពីគ្រប់ខេត្តក្រុងនៃព្រះរាជាណាចក្រកម្ពុជា ដែលមកចូលរួមសន្និសីទក្នុងបំណងបំពេញចំណេះដឹង និងបង្កើនប្រសិទ្ធភាពព្យាបាលរបស់ខ្លួន។

បើតាមការឱ្យដឹងរបស់កញ្ញា តន់ ស្រីមុល ទទួលបន្ទុក​គ្រប់គ្រង​ផលិត​ផលនៃ​ផ្នែក​Marketing ​នៅសហគ្រាសផលិតឱសថប៉េប៉េអឹម មានភ្ញៀវចូលទស្សនាស្តង់របស់សហគ្រាសយ៉ាងច្រើនកុះករហួសពីការស្មាន ៖ «អ្នកជំនាញជាច្រើនបានបង្ហាញពីចំណាប់អារម្មណ៍មកលើផលិតផលរបស់យើង ហើយវត្តមានដ៏យូររបស់លោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅស្តង់របស់យើងគឺជាពេលវេលាដ៏ពិសេសបំផុត»។ កញ្ញាក៏បានរម្លឹកផងដែរថា លោកជំទាវបណ្ឌិតស្គាល់សហគ្រាសផលិតឱសថប៉េប៉េអឹមយ៉ាងច្បាស់ ព្រោះគាត់​ធ្លាប់បានចុះធ្វើកម្មសិក្សានៅប៉េប៉េអឹម ដែល​កាលនោះលោកជំទាវនៅជានិស្សិត។

ជោគជ័យមួយនេះគឺជាសក្ខីភាពបញ្ជាក់ពីថាមពលរបស់សហគ្រាសផលិតឱសថប៉េប៉េអឹមក្នុងការចូលរួមអភិវឌ្ឍវិស័យឱសថនៅកម្ពុជា និងបានឆ្លុះបញ្ចាំងពីសន្ទុះ និងថាមពលទីផ្សារឱសថដែលកំពុងតែផ្លាស់ប្តូរ ស្របពេលដែលតួអង្គពាក់ព័ន្ធសំខាន់ៗនៅក្នុងវិស័យនេះផ្តោតសំខាន់ទៅលើគំនិតច្នៃប្រឌិត និងគុណភាព៕